ហេសបូឡាសប្រើដ្រូនវាយបកសងសឹកលើអ៊ីស្រាអែល

បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់ក្រុមសកម្មប្រយុទ្ធ Hezbollah បានសម្លាប់មនុស្ស ៤នាក់ និងរបួសរាប់សិបនាក់ នៅមូលដ្ឋានអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ពួក Hezbollah បានសម្លាប់ទាហានបួននាក់ នៅឯមូលដ្ឋានភាគខាងជើងរបស់ខ្លួន ខណៈដែលខ្លួនបានពង្រីកការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសលីបង់ ហើយកងទ័ពបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ ឆ្លងព្រំដែន។

ការវាយប្រហារលើជំរុំហ្វឹកហ្វឺនយោធា នៅទីក្រុង Binyamina ក្បែរទីក្រុង ​Haifa គឺជាការវាយប្រហារដ៏សាហាវបំផុត លើមូលដ្ឋានអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ដោយពេលនោះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើក្រុម Hezbollah ក្នុងប្រទេសលីបង់។ សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មនុស្សជាង ៦០នាក់បានរងរបួស។

ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនពិតជាបានបាញ់បង្ហោះ «កងយន្តហោះគ្មានមនុស្សបើក» វាយប្រហារ នៅឯជំរុំមួយនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងធំ Haifa។ ការវាយប្រហារនេះ​ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល​ កាលពីថ្ងៃព្រហស្បតិ៍ ​សម្លាប់មនុស្ស​ យ៉ាងតិច ២២នាក់ នៅកណ្តាលទីក្រុងបេរូត ប្រទេសលីបង់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner