កម្ពុជា ត្រូវពឹងខ្លួនឯង ដោយមានឯករាជ្យភាព ភាពម្ចាស់ការ ដោយមិនរង់ចាំតែគេបន្ដក់ឱ្យតាមការអនុគ្រោះទេ
(ភ្នំពេញ)៖ កម្ពុជា បានត្រៀមលក្ខណៈហើយ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ។ តាមរយៈនេះ កម្ពុជា គឺត្រូវពឹងខ្លួនឯង ដោយត្រូវមានឯករាជ្យភាព ភាពម្ចាស់ការ មិនរង់ចាំតែគេបន្ដក់ឱ្យតាមការអនុគ្រោះនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា កម្ពុជា បានត្រៀមលក្ខណៈហើយ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ តែយ៉ាងណា ក្រោយចាកចេញ កម្ពុជា នឹងប្រឈមការបាត់បង់គោលការណ៍អនុគ្រោះមួយចំនួន។ តបនឹងសំណួរថា បើលំបាកបែបនេះ តើកម្ពុជា ចាំបាច់ចាកចេញពីប្រទេសក្រីក្រធ្វើអ្វី?
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តើយើងចង់នៅក្រមួយជីវិត ឬយ៉ាងមេច យើងត្រូវរំពឹងគេបន្តក់ឱ្យរហូតតាមរយៈការអនុគ្រោះ ឬត្រូវពឹងខ្លួនឯង? ដូច្នេះ យើងគ្មានជម្រើសអ្វីក្រៅពីពង្រឹងការឯករាជ្យភាព ភាពម្ចាស់ការរបស់យើង តាមរយៈការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងខ្លួនឯងបន្ថែម ។
សម្ដេចធិបតី បានបន្ថែមថា កម្ពុជា នៅតែបន្តដាក់ទិសដៅ ដើម្បីក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។ សម្ដេច ថា ការដាក់ទិសដៅនេះ មិនមានអ្វីខុសទេ ព្រោះការដាក់ទិសដៅខ្ពស់ ក្ដីសង្ឃឹមខ្ពស់ ដើម្បីយើងព្យាយាមខ្ពស់ ដើម្បីលើកជីវភាពប្រជាពលរដ្ឋ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿងធ្វើឱ្យប្រទេសក្លាយជាប្រទេសមានជីវភាពមធ្យម ជីវភាពអ្នកមាន មិនមែនសំដៅទៅលើរដ្ឋមានទេ តែសំដៅលើចំណូលប្រជាជនម្នាក់ៗឱ្យខ្ពស់ ។ ដូច្នេះ មានអ្វីខុស ដែលរាជរដ្ឋាភិបាល ត្រូវដាក់ទិសដៅ ដើម្បីជំរុញជីវភាពប្រជាជនម្នាក់ៗឱ្យខ្ពស់ ។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា សម្ដេច ដឹងតែហត់ ហើយលំបាក ប៉ុន្តែបើ មិនដាក់ទិសដៅ មិនដាក់គោលដៅ មិនដាក់ផែនការ រៀបចំផែនទីបង្ហាញផ្លូវ ផែនការ សកម្មភាព នោះច្បាស់ជាមិនទទួលបានទេ ។ ប៉ុន្តែបើដាក់ទិសដៅកាន់ តែខ្ពស់ នោះ នឹងលោតកាន់តែខ្ពស់ ដើម្បីប្រជាពលរដ្ឋ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ