Baby ត្រីបាឡែនខ្នាតធំងាប់លើឆ្នេរអាហ្វ្រិកខាងត្បូង
បរទេស៖ សាកសពកូនតូចរបស់ត្រីបាឡែនខ្នាតធំ Humpback មួយក្បាល ត្រូវបានបោកមកលើច្រាំងក្បែរនឹងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ ត្រីបាឡែនប្រភេទនេះត្រូវបានគេដឹងថា អាចមានប្រវែង រហូតដល់ជិត២០ម៉ែត្រ និងមានទម្ងន់រហូតដល់ជាង៥០តោន។
សព Baby បាឡែនមួយក្បាលនេះ ត្រូវបានគេប្រទះឃើញ អណ្តែតលើឆ្នេរខ្សាច់មួយកន្លែង ក្នុងទីក្រុង Simon’s Town ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ពីទីក្រុង Cape Town។
យោងតាមមន្ត្រីបានឱ្យដឹងថា មូលហេតុនៃការងាប់របស់ត្រីបាឡែននេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងឆ្នេររបស់ទីក្រុង Cape Town បាននិយាយថា «វាជារឿងធម្មតាទេ ដែលត្រីបាឡែន ត្រូវបោក មកលើឆ្នេរសមុទ្របែបនេះ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្មានរបួសស្នាមនៅលើកូនត្រីបាឡែនតូច មួយក្បាលនេះទេ។ សាកសពត្រូវបានគេរកឃើញ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបានយកចេញ នៅពេលរសៀល ដឹកយកទៅបោះចោល នៅកន្លែងចាក់សំរាម។
ត្រីបាឡែន Humpback ត្រូវបានគេប្រទះឃើញ ជាញឹកញាប់ នៅឆ្នេរសមុទ្រ Cape ចន្លោះខែមិថុនា និងខែធ្នូ ខណៈដែលពួកវាធ្វើដំណើរ ហែលចាកចេញពីទីកន្លែងកំណើតរបស់ពួកវា ទៅតាមរដូវ ដើម្បីស្វែងរកអាហារ និង ជួយអមកូនៗស្វែងរកចំណី។
មកដល់ឆ្នាំ២០២៤នេះ សព្វថ្ងៃនេះ ត្រីបាឡែនប្រភេទ Humpback ប្រមាណ៨៤,០០០ ក្បាល កំពុងហែល ក្នុងមហាសមុទ្រពិភពលោក នេះបើតាមគេហទំព័រ Wildhope៕
ប្រភពពី៖ AFP , ប្រែសម្រួល៖ សារ៉ាត
