បន្តដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ដោយធ្វើការបែងចែកជាក្រុមមតូចៗ និង មិនឱ្យយកទូរស័ព្ទទៅជាមួយ
(ភ្នំពេញ)៖កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖ ០៨ តុលា ២០២៤បានកំពុងបន្តដំណើរការយ៉ាងមមាញឹក និងមានការប្រយ័ត្នប្រយែងខ្ពស់ក្រោមការឃ្លាំមើលពីគ្រប់ភាគីរួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ ចាប់ផ្ដើមបន្តដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ។
ជាមួយគ្នានេះលោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡង ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕




ដោយ ៖ ម៉ាដេប៉ូ