រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APF និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សន្តិភាពនិងសន្តិសុខអន្តរជាតិ
ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ស្តីពី សន្តិភាពនិងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។
កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការប្រើប្រាស់ភាសាបារាំង និងឥទ្ធិពលនៃបញ្ញាសប្បនិម្មិតមកលើប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេសវៀតណាមក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភានិយាយភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
ចំណែកឯ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សន្តិភាពនិងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា ឯកឧត្ដមបណ្ឌិត សម តារា បានធ្វើបទអន្តរាគមន៍លើប្រធានបទស្តីអំពី “តួនាទីសភាពាក់ព័ន្ធនឹងសន្តិសុខនុយក្លេអ៊ែរ” ដោយឯកឧត្តម បានលើកឡើងពីបញ្ហាប្រឈមនៃការគំរាមកំហែងឥទ្ធិពលនុយក្លេអ៊ែរ ប៉ះពាល់មកលើពិភពលោក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីសំខាន់របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាផ្តល់សច្ចាប័នលើលិខិតូបករណ៍/ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីគាំទ្រយ៉ាងពេញទំហឹង ហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដើម្បីចូលរួមក្នុងការធានាបានសុវត្ថិភាព សន្តិសុខ និងការការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា


