ចិនបញ្ចេញយន្តហោះដ្រូនធំបំផុតនៅលើពិភពលោក

សាជីវកម្មផលិតយន្តហោះដ្រូន United Aircraft របស់ប្រទេសចិន បានបញ្ចេញរូបរាងយន្តហោះដ្រូនគំរូថ្មីមួយប្រភេទ មានឈ្មោះថា tiltrotor ដែលគ្រោងនឹងផលិតទ្រង់ទ្រាយធំនៅសួនឧស្សាហកម្មអាកាសចរណ៍ Wuhu ក្នុងសង្កាត់ Wanjun។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ interestingengineering។

យន្តហោះដ្រូនខ្នាតយក្សនេះ ត្រូវបានគេហៅរហ័សនាមថា Lanying R6000 គឺជាយានជំនិះគ្មានមនុស្សបើកប្រភេទ (UAV) ថ្នាក់អាកាសចរណ៍កម្រិតខ្ពស់បំផុតរបស់ពិភពលោក។ Lanying R6000 អាចហោះបញ្ឈរ ចុះចត និងហោះហើរនៅលើអាកាស ដូចនឹងឧទ្ធម្ភាគចក្រធម្មតាដែរ។

អ្នកអភិវឌ្ឍយន្តហោះនេះនិយាយថា បើសិនវាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅពេលអនាគត យន្តហោះដ្រូន R6000 នឹងផ្លាស់ប្តូរវិធីសាស្រ្តធ្វើដំណើររបស់មនុស្ស និងឧស្សាហកម្មភស្តុភារ ព្រមទាំងផ្តល់អំណាចយ៉ាងខ្លាំងលើវិស័យជាច្រើន មានដូចជាការដឹកជញ្ជូន ការឆ្លើយតបបន្ទាន់ និងការការពារជាតិ។

អ្វីដែលធ្វើឱ្យវាពិសេសជាងគេនោះ គឺយន្តហោះដ្រូនប្រភេទថ្មីនេះ អាចធ្វើប្រតិបត្តិការបាន ទាំងមាន និងគ្មានមនុស្សបើក ហើយអាចហោះហើរក្នុងចម្ងាយជាង ៤,០០០គីឡូម៉ែត្រ ក្នុងល្បឿនប្រហែល ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងរយៈកម្ពស់អតិបរមា ៧,៦២០ម៉ែត្រ។

ទម្ងន់អតិបរមារបស់យន្តហោះដ្រូន R6000 គឺ៦តោន ហើយអាចមានសមត្ថភាពផ្ទុកទំនិញបានចំនួន២តោន និងដឹកអ្នកដំណើរបានរហូតដល់ ១០នាក់។ យន្តហោះដ្រូនខ្នាតយក្សនេះទៀតសោត បានបង្ហាញពីមហិច្ឆតាបច្ចេកវិទ្យារបស់ចិន ក្នុងវិស័យអាកាសចរណ៍ និងវិធីសាស្រ្តក្នុងការធ្វើសមាហរណកម្មស៊ីវិល និងយោធា៕

ប្រភព៖ interestingengineering ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner