ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បង្ហាញចំណាប់​អារម្មណ៍លើទីផ្សារអាកាសចរណ៍កម្ពុជា

ភ្នំពេញ៖សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធាន​ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានកោតសរសើរចំពោះ​ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើ គ្រប់វិស័យនៅ​កម្ពុជា និងបង្ហាញ​ការ​ចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោកបានជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរ​ឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់​សេវាហោះ​ហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន​មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍​នៅកម្ពុជា តាមរយ:​ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍​ជាមួយតំបន់ និងពិភពលោក។

ជាការឆ្លើយតបសម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។ សម្ដេច​បានគូសបញ្ជាក់ថា តាមរយៈ​កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍ​លើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យ​អាកាសចរណ៍​នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារ​ភ្ជាប់​ជាមួយតំបន់ និងពិភពលោក។ បន្ថែមលើនេះ សម្ដេចបវរធិបតីក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និង​ដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពល​នៃ​ការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner