ប្រជាជនកូរ៉េខាងជើង១លាននាក់សម្រុកចូលធ្វើជាកងទ័ព

នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានអះអាងថា យុវជនជាង១លាននាក់ទូទាំងប្រទេស រួមមានទាំងសិស្សានុសិស្ស នាសប្តាហ៍នេះ បានសម្រុកស្ម័គ្រចិត្ត ចូលធ្វើជាកងទ័ព ខណៈដែលស្ថានការណ៍អរិភាពរវាងកូរ៉េខាងត្បូង និងខាងជើងបានឡើងកម្តៅខ្លាំងឡើងវិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង KCNA។

ប្រភពបានបញ្ជាក់ថា មន្ត្រី យុវជន និងសិស្ស ជាង១លាន៤សែននាក់ នៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពប្រជាជនកូរ៉េ នៅថ្ងៃទី១៤ និង១៥ ខែតុលា។ ជាការសម្រុកចូលរួម បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់យោធាកូរ៉េខាងត្បូងថា បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ Drone ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ជាបន្តបន្ទាប់។

កាលពីថ្ងៃអង្គារ កូរ៉េខាងជើង ថែមទាំងបានបំផ្ទុះផ្លូវ និងផ្លូវដែកជានិមិត្តរូបដ៏សំខាន់ ដែលតភ្ជាប់ប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីកើតហេតុ Drone នេះ ដោយរដ្ឋបាលក្រុងព្យុងយ៉ាងចាត់ទុកថា ជាការប្រកាសសង្គ្រាម ហើយបានបញ្ជាឱ្យទាហាន នៅតាមព្រំដែន ត្រៀមបាញ់ជានិច្ច។

ទោះបីទីក្រុងសេអ៊ូលបដិសេធលើរឿងនេះ កូរ៉េខាងជើងបានអះអាងថា ខ្លួនមានភស្តុតាងច្បាស់លាស់ថា ខិត្តប័ណ្ណឃោសនាប្រឆាំង ត្រូវបាន Drone ដឹកមកទម្លាក់ចោលរាយប៉ាយពាសពេញរដ្ឋធានី របស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើងមានគោលការណ៍បំពេញកាតព្វកិច្ចយោធា សម្រាប់បុរសទាំងអស់ ជាពិសេស រាល់ពេលដែលស្ថានភាពតានតឹងតែងខ្លាំង ជាមួយទីក្រុងសេអ៊ូល ឬ អាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner