ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិ នឹងប្រព្រឹត្តទៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ក្រុមការរងារសហព័ន្ធកីឡាយានយន្តកម្ពុជា ដឹកនាំ​ដោយឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាប្រធាន​គ្រួសារ Off Road កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែ
តុលា​ ឆ្នាំ២០២៤ ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ ២០២៤។ការរៀបចំកម្មវិធីនេះទៀត
សោតក្នុងគោលបំណងទាក់ទាញទេសចរ និងផ្សព្វផ្សាយពីសក្ដា​នុពលទេសចរណ៍កម្ពុជាទៅពិភពលោកផងដែរ។

ក្នុងកិច្ចពិភាក្សាដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផង លោក ឈិន សីហា អគ្គលេខាធិការ​រង​សហព័ន្ធកីឡាយានយន្តកម្ពុជាបានបទបង្ហាញ ពីការរៀបចំការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្ត​ព្រះសីហនុ ។លោកថា ព្រឹត្តិការណ៍នេះដើម្បីបង្កើតការជួបជុំគ្រួសាររថយន្ត (OFF ROAD)ដ៏ធំនៅកម្ពុជា មកពីបណ្តាក្លឹប និង​ប្រទេសនានា។

លោកបានគូសរំលេចថា ការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យ​មក​ប្រកួតបង្ហាញសមត្ថភាព បែបឆ្លងកាត់ឧបសគ្គដែលមាន វាលភក់ ឆ្លងទឹក ថ្ម និងឧបសគ្គជាច្រើន រួមទាំងការបោះតង់ អាំងសាច់ និងរីករាយជាមួយការប្រគំតន្ត្រី កម្មវិធីកម្សាន្ត ស្តង់តាំងលក់ផលិតផល និងម្ហូបអាហារផ្សេងៗ នាបរិយាកាសក្បែរ​មាត់​សមុទ្រ​ផងដែរ។

តាមកម្មវិធីដែលបានគ្រោងមាន ការដង្ហែក្បួនម៉ូតូ និងរថយន្ត(OFF ROAD) អន្តរជាតិ ឆ្លងកាត់ផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ ។

អគ្គលេខាធិការរងរូបនេះបន្ថែមថា ការប្រណាំងរថយន្តឧបសគ្គអន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុនឹងប្រព្រឹត្តទៅលើផ្ទៃដី ២៤​ហិកតា នៅជិតឆ្នេរអូត្រេះ និងមានរថយន្ត Off-Road កម្ពុជា ចូលរួមប្រណាំងប្រមាណ ៨០គ្រឿង ក្នុងនោះក៏មានអ្នកប្រណាំង​អន្តរជាតិចូលរួមដែរ។ ការប្រណាំងរថយន្តនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានឯកភាព និងគាំទ្រ សហព័ន្ធកីឡាយានយន្តកម្ពុជា ដែលផ្តួចផ្តើមគំនិត​យកខេត្តព្រះសីហនុ បង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤នាពេលខាងមុខ។ ឯកឧត្តម​បានចាត់ទុកការប្រណាំងរថយន្តនេះ ជាផលិតផល ឬព្រឹត្តិការណ៍ទេសចរថ្មីៗ ដ៏ទាក់ទាញលើទឹកដីតំបន់ឆ្នេរ នៃភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមគ្នាជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕
ដោយ៖លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner