ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់(Nakharin Mektrairat)ប្រធាន តុលាការធម្មនុញ្ញថៃបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរថៃ កម្ពុជា ព្រមទាំង បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់ ប្រធាន តុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាមួយការ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេស ទាំងពីរ និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន របស់កម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។សម្ដេចធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃ ព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ដោយ៖វណ្ណលុក




