ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន និងអធិបតេយ្យភាពរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា។ ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតំបន់នានាក្នុងប្រទេសជប៉ុនជាង ៣០០នាក់។

ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបជូនបងប្អូនខ្មែរអំពីការរក្សាបាននូវសន្តិភាពពេញលេញទូទាំងប្រទេសចាប់ តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន វឌ្ឍនភាពរបស់ប្រទេសកម្ពុជា រួមទាំងការត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលបានវាយតម្លៃរបស់គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរនៅជប៉ុនយ៉ាងច្រើនដែលបានចូលរួមបរិច្ចាគវិភាគទានស័្មគ្រចិត្តក្នុង “មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន” ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ads banner