សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេស

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលមានបំណងចង់បំបែករដ្ឋកម្ពុជា ដែលជារឿងមួយមិនអាចទទួលយកបាន និងថ្កោលទោសចំពោះចលនាជាតិតស៊ូ និងមេក្លោងដឹកនាំចលនាតស៊ូមួយនេះ ក៏ដូចជាអ្នកបង្កើតរដ្ឋាភិបាលនិរទេសមួយខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលលោកមើលឃើញនៅក្នុងតថភាព ៣ អាចហៅបានក្រុមនេះ ឬជនទាំងអស់នេះជាជន ឬក៏ជាក្រុមក្បត់រដ្ឋមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចទី១ ក្រុមនេះហាក់បីដូចជាបន្លំអំពីកិច្ចព្រមព្រៀងទីក្រុងបារីសស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលមានកិច្ចព្រមព្រៀងនេះហើយទើបកម្ពុជាមានការបោះឆ្នោត និងបង្កើតជារាជរដ្ឋភិបាល និងបង្កើតរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ចំណុចទី២ នៅក្នុងជំពូកទី១ អំពីអធិបតេយ្យមាត្រាទី៣ នៃរដ្ឋធម្មមនុញ្ញក៏បានចែងថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចបំបែកបាន។ ហើយចំណុចទី២ មើលឃើញថា រាជរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយករដ្ឋមន្រ្តីដឹកនាំគណៈរដ្ឋមន្ត្រី គឺមានការតែងតាំងដោយព្រះរាជ្យក្រឹត្យ និងមានការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។

លោកបន្តថា ក្រុមជ្រុលនិយមបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក គឺប្រាសចាកពីរដ្ឋធម្មនុញ្ញ នឹងមិនត្រូវបានទទួលស្គាល់ ឬមានការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យណាមួយពីព្រះមហាក្សត្រនោះទេ ដែលនេះគឺជាចេតនារុញច្រានប្រជាជនកម្ពុជាធ្លាក់ក្នុងឧបាយកលទុច្ចរិតចូលរួមក្នុងចលនាខុសច្បាប់ក្នុងន័យផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ លោក ហេង ម៉េងលី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែតទាំងក្នុងនិងក្រៅប្រទេសកុំជឿទៅលើការឃោសនារបស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលនាំឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះមានទោស ព្រោះតែអំពើខុសច្បាប់ដោយក្រុមជ្រុលនិយមមួយចំនួនតូចនោះ ដែលខិតខំបំបែកបំបាក់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលមានបំណងចង់បំបែករដ្ឋកម្ពុជា ដែលជារឿងមួយមិនអាចទទួលយកបាន និងថ្កោលទោសចំពោះចលនាជាតិតស៊ូ និងមេក្លោងដឹកនាំចលនាតស៊ូមួយនេះ ក៏ដូចជាអ្នកបង្កើតរដ្ឋាភិបាលនិរទេសមួយខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner