ឥណ្ឌាសាកល្បងមីស៊ីលលឿនជាងសំឡេងលើកដំបូង អាចហោះក្នុងល្បឿន ១,៥០០គីឡូម៉ែត្រ
ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌានិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលផលិតក្នុងស្រុកជាលើកដំបូង។
មីស៊ីលល្បឿនលឿនជាងសំឡេងនេះ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ គ្រប់គ្រងដោយរដ្ឋ និងដៃគូឧស្សាហកម្មការពារជាតិរបស់ឥណ្ឌា ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធប្រើប្រាស់។
ហើយការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ឥណ្ឌានេះ កើតឡើងស្របពេលដែលសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេសដទៃទៀត កំពុងរត់ប្រណាំងការអភិវឌ្ឍយោធូបករណ៍សង្គ្រាមកាន់តែទំនើប។
ប្រភពបានឱ្យដឹងថា ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចេញពីកោះមួយនៅឆ្នេរសមុទ្រ Odisha ភាគខាងកើតប្រទេសឥណ្ឌា។
ក្រសួងការពារជាតិឥណ្ឌាបានគូសបញ្ជាក់ថា មីស៊ីលនោះ អាចផ្ទុកក្បាលគ្រាប់ផ្សេងៗ រួមទាំងនុយក្លេអ៊ែរ ហើយអាចមានសមត្ថភាពហោះក្នុងល្បឿនជាង ១,៥០០គីឡូម៉ែត្រ។
យោងតាមសម្រង់ខ្លឹមសារនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានហៅការបាញ់សាកល្បងនេះថា ជា “ពេលវេលាប្រវត្តិសាស្ត្រ” ។
លោក Singh បន្ថែមថា សមិទ្ធិផលនេះ បានធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសជឿនលឿនលើពិភពលោក មានបច្ចេកវិទ្យាយោធាទំនើបបំផុត។
«មីស៊ីលល្បឿនលឿនជាងសំឡេង» ឬ «Hypersonic missile» គឺជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង ៥ដង។ អាវុធប្រភទនេះអាចហោះបានក្នុងល្បឿនយ៉ាងហោចណាស់ ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយល្បឿនលឿនបែបនេះ អាចបង្កការលំបាកដល់រ៉ាដានៃប្រព័ន្ធខែលការពារមីស៊ីល ក្នុងការចាប់សញ្ញា ឬក៏ស្ទាក់ចាប់ និងបំផ្លាញវាចោល៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា