ប្រធានរដ្ឋសភានេប៉ាល់ សម្តែងការចងចាំនូវគំរូវីរភាព និងការលះបង់​របស់​សម្តេច​តេជោក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជា

(ភ្នំពេញ)៖ ប្រធានរដ្ឋសភានេប៉ាល់ សម្តែងការចងចាំនូវគំរូវីរភាព និងការ​លះបង់របស់សម្តេចតេជោក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាន​នូវ​សន្តិភាពជូនកម្ពុជា និងជឿជាក់ថា តួនាទី និងសមិទ្ធផល ដែលសម្តេចតេជោ​សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ ។

ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លើកឡើង​បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់​ក្តៅ​សាជាថ្មី បន្ទាប់ពីជំនួបជាមួយប្រតិភូ ក្រុមប្រធានសភានៃប្រទេសជាមិត្ត​នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។

ក្នុងគ្រានេះដែរ សម្តេចតេជោមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្តនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។

ចំណែក លោក Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានលើកឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោនិងកម្ពុជាដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គ IPTPលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ខណៈបច្ចុប្បន្នសន្តិភាព កាន់តែមានសារៈសំខាន់សម្រាប់ពិភពលោក។

ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក៏បាន​សង្កត់​ធ្ងន់លើស្ថានការណ៍សង្រ្គាម ដែលកំពុងរីករាលដាលទូទាំងពិភពលោកផងដែរ និងស្នើឱ្យធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។

ទន្ទឹមគ្នានេះ លោក Dev Raj Ghimire បានសម្តែងនូវការ​ចងចាំមិន​អាចបំ​ភ្លេច​នូវគំរូវីរភាព និងការលះបង់របស់សម្តេចតេជោក្នុងបុព្វហេតុកសាង ថែ​រក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់​ថាតួនាទី និងសមិទ្ធផលដែលសម្តេចតេជោសម្រេចបានគឺជា​ឧទាហរណ៍​ដែល​មិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ពាក្យ​ពេចន៍ដ៏មានតម្លៃរបស់លោក Dev Raj Ghimire និងការលើក​កម្ពស់តួនាទី​របស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព ដើម្បីមនុស្សជាតិ​និងភពផែនដី។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរចំពោះប្រតិភូ ក្រុមប្រធាន​សភា​នៃប្រទេសជាមិត្តដែលបានធ្វើដំណើរដ៏វែងឆ្ងាយ​មកចូលរួម​ប្រជុំពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះសរបង្ហាញឱ្យឃើញ​ពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

ដោយ ​៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner