ក្នុងរយៈពេល ១ឆ្នាំ ការវាស់វែងដីធ្លីសម្រេចបាន ជាង៣លានក្បាលដី ស្មើនឹងជាង ៦៦ភាគរយ
(ភ្នំពេញ)៖ ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រសួងរៀងចំដែនដីនគរូបនីយកម្ម និង សំណង់ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩ភាគរយ ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១ភាគរយ ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។នេះបើតាមអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត បានឱ្យដឹងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើយោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងដែរថា៖ ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ទន្ទឹមនេះ ក្រសួងកំពុងខិតខំជំរុញការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្តព្រះពុទ្ធសាសនាឱ្យបានបញ្ចប់ផងដែរ។

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដែរថា ចំពោះការបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។

ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នេះជាពេលវេលាដែលយើងត្រូវងាកមកផ្តោត លើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា៕


ដោយ៖ម៉ាដេប៉ូ