ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យវ័យក្មេង ត្រូវបានបញ្ជ្រាបដល់​គ្រូកីឡាកាយសម្ព័ន្ធ ដោយជោគជ័យ

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយ​ដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូឧទ្ទេស បានបញ្ជាក់​ថា វគ្គនេះរៀបចំឡើងស្របតាមផែនការប្រចាំឆ្នាំ ដែលគ្រប់សហព័ន្ធកីឡាជាតិ បានសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកការអភិ​វឌ្ឍ​ធនធានមនុស្ស ជាក់ស្ដែងឆ្នាំនេះ សហព័ន្ធបានផ្ដោតការបណ្ដុះបណ្ដាល ១-គ្រូគ្រូជំនាញកីឡា​កាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១, ២-ការអភិវឌ្ឍកី​ឡា​កាយសម្ព័ន្ធថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់ និង ៣-ការកំណត់អត្ត​សញ្ញាណ​កីឡាទេពកោសល្យវ័យក្មេង ។

អគ្គលេខាធិការសហព័ន្ធរូបនេះ បន្តថា «ការកំណត់អត្តសញ្ញាណកីឡា​ទេពកោសល្យវ័យក្មេង គឺជាមេរៀនថ្មី សម្រាប់គ្រូបង្វឹក ក្នុងការក្រេប​ជញ្ជក់​យកចំណេះដឹង ហើយត្រូវបានចាត់ទុកជាគុណតម្លៃ ក្នុងការជ្រើសរើសកីឡា​ករ-កីឡាការិនីវ័យក្មេងឲ្យត្រឹមជំនាញរបស់ខ្លួន ។

ជារួមឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃមកនេះ ខ្ញុំសង្កេតឃើញមានការរីក​ចម្រើនខ្លាំង សម្រាប់ផ្នែកគ្រូបង្វឹក ដោយសារគាត់ទទួលបានចំណេះដឹងថ្មី ដែលយើងទើបទទួលបានផែនការយុទ្ធសាស្ដ្រនេះ សម្រាប់អនុវត្តកំឡុង​ឆ្នាំ២០២៤-២០២៨» ដើម្បីជ្រើសរើសបាននូវកីឡាករ-កីឡាការិនីវ័យក្មេង​ត្រឹម​ត្រូវតាមគោលការណ៍នៃការកំណត់អត្តសញ្ញាណកីឡាទេព្យកោលស្យ និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនាពេល​ខាងមុខ ជាពិសេស គឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡា​កាយសម្ព័ន្ធឲ្យកាន់តែមានភាពច្បាស់លាស់លើការងារជំនាញមួយនេះ ទាំង​គុណភាព និងបរិមាណ សម្រាប់ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ តែម្ដង ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ក្រោមគម្រោងថវិការបស់​ក្រសួង​អប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាម ២២នាក់ចូលរួម (ស្ដ្រី ៨នាក់) ខណៈជាលទ្ធផល មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ១៣នាក់, ល្អបង្គួរ ៥នាក់ និងមធ្យម ៤នាក់ ៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner