ប្រមុខរាជរដ្ឋាភិបាល ៖ វឌ្ឍនភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ

(សៀមរាប)៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរួមគ្នា ក្នុង ការលុបបំបាត់កេរដំណែលដ៏ឃោរឃៅ និងយូរអង្វែងនៃគ្រាប់មីននៅក្នុងពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានគណៈប្រតិភូប្រមាណ ៧០០នាក់ មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ បានចូលរួមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។ ការរស់នៅជាមួយគ្រាប់មីនបាន ធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការ ទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល ។

សម្តេចបវរធិបតី មានប្រសាសន៍បញ្ជាក់ថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាព ដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ។ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ ក្នុងការសម្រេចគោលដៅ ។

សម្តេចបវរធិបតី បានបន្ដថា មកទល់បច្ចុប្បន្ន កម្ពុជា បានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ កម្ពុជា ក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់រួមគ្នាអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងគ្មានមីន មិនសម្រាប់តែបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗថែមទៀត។អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់ ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក។

សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ហើយអនុសញ្ញានេះ មានរដ្ឋភាគីចំនួន ១៦៤ប្រទេស អង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ។ អនុសញ្ញាអូតាវ៉ា មានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner