មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមប្រើប្រាស់ប្រាក់រៀល
(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែ ទូលំទូលាយ ដោយការទូទាត់ ការបិតស្លាកថ្លៃទំនិញ ការសន្សំជារៀល ព្រមទាំងផ្តល់អនុគ្រោះ ឱ្យកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល ។
នេះជាការថ្លែងរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ”នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
ឯកឧត្តម យឹម លាត បានបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា រឹងមាំ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ក្នុងនោះ ក៏មានគោលនយោបាយ លើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខ សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ។

លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយ (JICA) កន្លងមក បានបង្ហាញថា ប្រាក់រៀលបាន ទទួលការទុកចិត្ត និងការប្រើប្រាស់ កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀល ដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាព រកប្រាក់ចំណូល ចំណាយ និងសន្សំ។ ជាក់ស្តែង សម្រាប់ខេត្តបន្ទាយមានជ័យ ទិន្នន័យស្រាវជ្រាវ បង្ហាញថា គិតជាមធ្យមប្រមាណ៧១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើង ជាប្រាក់រៀល, ទោះបីជាខេត្តនេះ ស្ថិតនៅជាប់ព្រំដែន និងមានការដោះដូរពាណិជ្ជកម្មជាមួយប្រទេសជិតខាងច្រើនក៏ដោយ ។
ឯកឧត្តម បានលើកឡើងទៀតថា ចំណែកការចំណាយ ជាប្រចាំ, លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយអង្គការ (UNDP) ក្នុងឆ្នាំ ២០២៣ បានបង្ហាញដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ដ ចាយវាយប្រចាំថ្ងៃ រហូតដល់ទៅ ៩២% នៃចំណាយ សរុបជាប្រាក់រៀល ជាពិសេសទៅលើការស្នាក់នៅ ថ្លៃទឹក-ភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។ រីឯកម្មករនិយោជិតអ្នកដែលរស់នៅទីក្រុង ចាយវាយជាប្រាក់រៀល រហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរងាយស្រួល និងមិនចាំ បាច់ពិបាកគិតគូរដល់អត្រាប្តូរ ប្រាក់នោះទេ។

ដោយឡែកប្រព័ន្ធបាគង, ឯកឧត្តម យឹម លាត ថ្លែងឱ្យដឹងថា បច្ចុប្បន្ន ការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេសវៀតណាម ថៃ និងឡាវ គឺ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរជាដុល្លារឡើយ ហើយនៅក្នុងឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា នឹងអាច តភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយមានផែនការ តភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។
ចំណែកបាគង សម្រាប់ទេសចរ (BakongTourists App) ភ្ញៀវទេសចរក៏អាចប្រើបាគងសម្រាប់ទេសចរនេះ នៅតាមបណ្ដាប្រទេសក្នុងតំបន់ ដែល កម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយផងដែរដូចជា ប្រទេសថៃ វៀតណាម ឡាវ និងមានប្រទេស ជាច្រើនទៀត ៕





អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត