អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាព​ប្រៃស​ណីយ៍​កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃ​សណីយ៍​កម្រិតមាស (Postal Security Gold Certification) និងពាន​រង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួល​ពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍តាមរយៈបណ្ដាញប្រព័ន្ធប្រៃសណីយ៍។

វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់​ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើ​នៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និង​ឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការ​បញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបាន​រៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយ​សម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់​សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិត​ខំប្រឹង​ប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្ន​ពាណិជ្ជកម្ម​ប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជា​លក្ខណៈ​គ្រួសារ ខ្នាតតូច និងមធ្យម (MSMEs)។

លទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបាននេះ គឺកើតចេញពីការធ្វើកំណែទម្រង់របស់ប្រៃសណីយ៍កម្ពុជា ដោយស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រយ៉ាងខ្លាំងដោយ ឯកឧត្តមបណ្ឌិត ជា វ៉ន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ថេន សំវិសុទ្ធ អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍​បន្ថែមទៀតថា៖ “ ពានរង្វាន់ទាំងនេះគឺជាភស្តុតាងមួយ នៃការប្តេជ្ញាចិត្តឥត​ងាករេ របស់ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ក្នុងការធានាមានឱ្យសុវត្តិភាព​និងនវានុវត្តន៍ក្នុងសេវាប្រៃសណីយ៍។ ជាងនេះទៅទៀត នេះក៏ជាការ​ទទួលស្គាល់នូវការប្ដេជ្ញាចិត្តរបស់និយោជិតប្រៃសណីយ៍កម្ពុជា ដែលបាន​ខិតខំធ្វើការដោយឥតនឿយហត់ ដើម្បីរក្សាទំនុកចិត្ត និងសុវត្ថិភាពបញ្ញើរបស់​អតិថិជន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជារបត់ដ៏សំខាន់មួយនោះទេ ប៉ុន្តែក៏ជាការ លើកទឹកចិត្តផងដែរ ដើម្បីជំរុញការផ្តល់សេវាប្រៃសណីយ៍ឱ្យ​កាន់តែ​ប្រសើរ​ឡើងសម្រាប់អតិថិជន និងសហគមន៍ពាណិជ្ជកម្មសកល។

ពានរង្វាន់ទាំងនេះ បានជួយពង្រឹងប្រៃសណីយ៍កម្ពុជាឱ្យក្លាយជាប្រតិបត្តិករ ប្រៃសណីយ៍ នាំមុខគេមួយក្នុងតំបន់ និងបង្ហាញពីការតាំងចិត្តខ្ពស់របស់យើង ក្នុង ការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវា​នុវត្តន៍ សម្រាប់អតិថិជន។”

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner