កម្ពុជានឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តសៀមរាប
សៀមរាប ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) នឹងរៀបចំព្រឹត្តិការណ៍រំលឹកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ នៅមិនទាន់បញ្ចប់នៅឡើយទេ»។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលទាំងការប្រកួតគូររូបក្រោមប្រធានបទ “សុខមាលភាពក្នុងជីវិត” ដោយមានការចូលរួមដោយតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយសម្រាប់បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។
ទោះបីជាមានការអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ក៏ដោយ បើយោងតាមអង្គការ UNAIDS បានឲ្យដឹងថា ប្រជាជនប្រហែល៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដ៏ច្រើនក្នុងការទទួលបានការព្យាបាល។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នឹងផ្តោតលើបញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រសាសន៍ថា «ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះមានន័យថា យើងមិនទាន់ពេញចិត្តនៅឡើយ។ រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានាថា ពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ»។
លោកវេជ្ជបណ្ឌិតបានបន្តថា «នៅពេលយើងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់ជំងឺអេដស៍ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប»។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួលចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ »៕ អត្ថបទ ៖ ឈឹម ទីណា




