ក្រុមហ៊ុន Hong Leong Manufacturing Group ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន Hong Leong Manufacturing Group ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា ចង់ពង្រីក ការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា ។
នេះជាការលើកឡើងរបស់លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ក្នុងឱកាសចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានគោរព ជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។ នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្ម ខាងវិស័យធនាគារ ។
តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុន នៅកម្ពុជា ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុន បានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគ បន្ថែមទៀត ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីរីករាយ ចំពោះវឌ្ឍនភាព នៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីក ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគ របស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជា ធានាបាននូវបរិយាសវិនិយោគមួយ ដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់ វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយ សម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។
សម្ដេចបវរធិបតី បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាល បានត្រៀមជាស្រេច ដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួល ដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ