ឧត្តមសេនីយ៍ឯក ពៅ សុខា ៖ សិក្ខាកាមបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំ២០២៤ ត្រូវយកចំណេះដឹងទៅបម្រើជាតិមាតុភូមិ

(ខេត្តកំពង់ឆ្នាំង)៖ សិក្ខាកាមចំនួន ១០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក បានបញ្ចប់ដោយជោគជ័យ និងបានប្រារព្ធពិធីបិទក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកាភ្លើងធំ ខេត្តកំពង់ឆ្នាំង ។

ឧត្តមសេនីយ៍ឯក ពៅ សុខាបានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបម្រើអង្គភាពខ្លួន និងផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពឲ្យមានការីកចម្រើនក្នុងអង្គភាព សំដៅរួមចំណែកកសាងជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោកបានប្រគល់ជូន ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ថា ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាជ្រុងអាទិភាពមួយនៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដ ឱ្យដល់កងទ័ព ជាពិសេសយោធិន មានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ពីសារៈសំខាន់ជំនាញកាំភ្លើងធំ ដើម្បីឲ្យនាយទាហានយើងបានយល់ពីតួនាទីដឹកនាំបញ្ជា ជំនាញ និងចេះធ្វើគំរោងផែនការប្រតិបត្តិការកាំភ្លើងធំ និងជាសេនាធិការឲ្យមេបញ្ជាការ និងចេះប្រើឧបករណ៍កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ ការបាញ់លឿន រហ័ស និងចេះធ្វើផែនការប្រើប្រាស់កាំភ្លើង ចេះចាត់តាំងហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធគ្រប់កាលៈទេសៈនៅលើគ្រប់សមូរភូមិផងដែរ ។

តាមរបាយការណ៍បានឲ្យដឹងថា ៖ វគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំ២០២៤ ចាប់ដំណើរការបើកពីថ្ងៃទី១កញ្ញា រហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សិក្សារយៈពេល ៣ខែ ស្មើ៩១ថ្ងៃ
មានសិក្ខាមចំនួន ១០០នាក់ ។ វគ្គហ្វឹកហ្វឺនចែកចេញជាពីរ ៖ ១/ វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានកាំភ្លើងធំ( អាវុធគាំទ្រ) ២/ វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានកាឱភ្លើងធំអូសសន្តោង ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner