លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចស្រេចហើយ ក្នុងការដើរចេញពី សន្ធិសញ្ញានុយក្លេអ៊ែរនានាជាមួយសហរដ្ឋអាម៉េរិក
រុស្ស៊ី៖ ទីក្រុងម៉ូស្គូ ត្រៀមខ្លួនជាស្រេចហើយ ដើម្បីដើរចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនានាជាមួយទីក្រុងវ៉ាស៊ីនតោន និងបានព្រមានអំពីសេចក្តីវិនាសអន្តរាយជាសកល បើសិនសហរដ្ឋអាម៉េរិកនៅតែបន្តបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងអន្តរជាតិទាំងនេះ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានព្រមានដែរថា តាមរយៈការបណ្តោយឲ្យបាត់បង់សន្ធិសញ្ញានុយក្លេអ៊ែរដ៏ចាំបាច់ទាំងនេះ ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនឹងលេចរូបរាងឡើងវិញ ហើយវានឹងអាចបង្កឲ្យមានសេចក្តីវិនាសអន្តរាយយ៉ាងធ្ងន់ចំពោះពិភពលោកទាំងមូល។
សូមរំលឹកថា សន្ធិសញ្ញា New START ដែលជំនួសសន្ធិសញ្ញាចាស់ START I បង្កើតឡើងកាលពីឆ្នាំ១៩៩៤ និងបានផុតសុពលភាពឆ្នាំ២០០៤ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងលោក Dmitry Medvedev ដែលកាលនោះជា ប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុង Prague ប្រទេសឆែក កាលពីឆ្នាំ២០១០ ហើយសន្ធិសញ្ញានេះ នឹងត្រូវអស់សុពលភាពនៅក្នុងឆ្នាំ២០២១។ សន្ធិសញ្ញា New START និងសន្ធិសញ្ញាមួយទៀតហៅថា INF គឺជាកិច្ចព្រមព្រៀងដ៏សំខាន់ ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ៕ម.ន