កីឡាករ សៀង ចន្ធា និងគួច សុកម្ភៈ រកបានម្នាក់មួយគ្រាប់ឲ្យកម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះបឋមជើងទី១ FIFA World Cup Qatar 2022
កីឡាករវ័យក្មេង សៀង ចន្ធា និងកីឡាករចាស់វស្សា គួច សុកម្ភៈ រកបានម្នាក់មួយគ្រាប់ ក្នុងការប្រកួត វគ្គជម្រុះបឋមជើងទី១ FIFA World Cup Qatar 2022។ ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្ញៀវជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផលបច្ចេកទេស ២:០ នៅក្នុងការប្រកួតវគ្គជម្រុះបឋម ជើងទី១កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ FIFA World Cup Qarta 2022 ក្រោមការគាំទ្រពីប្រិយមិត្ត អ្នកគាំទ្រ នៅកីឡដ្ឋាន ដោយផ្ទាល់ចំនួន ៣២៧០២នាក់ ។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនៅវគ្គទី១ ក្រុមកម្ពុជា និងប៉ាគីស្ថានរក្សាលទ្ធផលស្មើគ្នា ០:០ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជានៅតែបន្តសម្រុកវាយកលុកលើក្រុមភ្ញៀវ រហូតដល់នាទី៨១ កីឡាករ សៀង ចន្ធា របស់កម្ពុជាធ្វើសម្រេចបាន១គ្រាប់ ខណៈនៅនាទី៨៤ មិត្តរួមជាតិរបស់ខ្លួន គឺកីឡាករ គួច សុកុម្ភៈ ធ្វើសម្រេច បាន១គ្រាប់បន្ថែម ដែលធ្វើឲ្យក្រុមកម្ពុជាយកឈ្នះដោយលទ្ធផល ២ទល់០។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់លោក Keisuke Honda និងលោក Felix Dalmas បានកក់កៅអីជុំទី២ ជាបណ្ដោះអាសន្ន ហើយក្រុមគោព្រៃនេះត្រូវធ្វើដំណើរ ទៅប្រកួតជើងទី២ក្រៅដី ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីធានាកៅអីឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ។
ថ្លែងនៅក្នុងសន្និសីទសារពត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Felix Dalmas និយាយថា លទ្ធផលនេះមិនទាន់ពេញចិត្តនឹងអ្វីដែលលោកចង់បាននៅឡើយទេ ពីព្រោះថា មហិច្ឆតា របស់លោកគឺចង់បាននូវគុណ ភាពនៃការប្រកួតឲ្យល្អប្រសើរជាងនេះ។ ជាមួយគ្នានោះលោក កោត សរសើរកូនក្រុមរបស់ខ្លួនថាធ្វើបានល្អ ជាពិសេសលោកបានថ្លែងសារកោតសរសើរចំពោះអ្នកគាំទ្រជាង៣ម៉ឺននាក់ ដែលនៅតែបន្តការការគាំទ្រលើកទឹក ចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ទោះបីជាមានភ្លៀងធ្លាក់យ៉ាងជោគជាំយ៉ាងណាក្តី ។
គ្រូបង្វឹកកម្ពុជារូបនេះអះអាងទៀតថា លោកបានព្យាយាមរិះរកបច្ចេកទេស ដើម្បីឲ្យក្រុមកម្ពុជាធ្វើបានល្អ ហើយលោកសង្ឃឹមថា អ្នកគាំទ្រនឹងរីករាយទទួលយកនូវអ្វីដែលកីឡាករទាំងអស់ធ្វើបាននាពេលនេះ ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដដែលបញ្ជាក់ចុងក្រោយថា ជាការពិតលោកមិនផ្ដោតសំខាន់តែទៅលើលទ្ធផល តែមួយមុខនោះទេ ប៉ុន្តែលោកចង់ឃើញការអភិវឌ្ឍជារួមឲ្យមានការរីកចម្រើន សម្រាប់វិស័យកីឡាបាល់ទាត់ ទាំងមូលរបស់កម្ពុជា ៕ធ.ដ