លោក លី សៀនឡុង សន្យាថា នឹងប្រើអាណត្តិថ្មីនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច
សិង្ហបុរី៖ តាមរយៈសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ដែលបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនសកម្ម ឬ PAP របស់លោក លី សៀនឡុង ទទួលបានអាសនៈចំនួនរហូតដល់៨៣អាសនៈ ក្នុងចំណោមអាសនៈសរុប៩៣ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។
ទន្ទឹមគ្នានឹងលទ្ធផលដ៏គប់ប្រសើរនេះដែរ នាយករដ្ឋមន្ត្រីសង្ហិបុរីលោក លី សៀនឡុង បាននិយាយថា យើងទទួលបានអាសនៈច្រើនដាច់គេ ប៉ុន្តែភាគរយនៃចំនួនពលរដ្ឋដែលបានចេញទៅបោះឆ្នោតលើកនេះ គឺមិនច្រើនដូចជាការរំពឹងទុករបស់លោកទេ ។ ជាមួយគ្នានេះ លោក លី បានអះអាងថា គណបក្សប្រជាជនសកម្មរបស់លោក នឹងចាត់ទុកអាសនៈទាំង៨៣អាសនៈដែលបានឈ្នះនៅក្នុងកាលៈទេសៈបែបនេះ គឺជាសញ្ញាយល់ព្រម និងពេញចិត្តរបស់ប្រជាជន ចំពោះគោលនយោបាយ និងផែនការរបស់គណបក្សលោក ។
ជាងនេះទៅទៀតនោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី និងជាប្រធានគណបក្ស PAP រូបនេះថែមទាំងបានសន្យាដែរថា នឹងប្រើប្រាស់អាណត្តិមួយនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលប្រទេសកំពុងប្រឈមមុខដូចពេលបច្ចុប្បន្ន ៕




