ឯកឧត្តម ហ៊ុន ម៉ានី ៖ ពេលខ្លះយើងម្នាក់ៗចង់ជួយសង្គមតែលទ្ធភាពសម្ភារនិងថវិកាអាចមិនដូចគ្នា តែអ្វីដែលយើងអាចបរិច្ចាគបានគឺឈាមរបស់យើង
(ភ្នំពេញ)៖ ថ្លែងនាឱកាសចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត នាល្ងាចថ្ងៃទី១៨ ខែ កុម្ភៈ នាកីឡដ្ឋានមជ្ឈបណ្ឌលកីឡាកងយោធលខេមរភូមិន្ទ ស្តាតចាស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងលើកឡើងថា កម្មវិធីបាល់ទាត់សប្បុរសធម៌ ការបរិច្ចាគឈាមជូនដល់មជ្ឈបណ្ឌលជាតិផ្តល់ឈាម ដើម្បីត្រៀមទុកផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឈាមសង្រ្គោះអាយុជីវិតបន្ទាន់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកជួយដល់សង្គម ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលិចទៀតថា ឈាមដែលទទួលបាននៅក្នុងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីរាជការរយៈពេលមួយថ្ងៃនេះ គឺទទួលបានលើសការគ្រោងទុក ខណៈចំនួនយើងចង់បានត្រឹម ១០០០សាក់ ប៉ុន្តែយើងទទួលបានក្នុងតួលេខបឋមមានរហូតដល់១២៥៧សាក់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ទឹកចិត្តរបស់ប្រជាពលរដ្ឋចូលរួមគឺធំធេងខ្លាំងណាស់។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលិចទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពេលខ្លះយើងម្នាក់ៗចង់ជួយដល់សង្គម ប៉ុន្តែលទ្ធភាពទាំងសម្ភារនិងថវិកាអាចមិនមានដូចគ្នា ប៉ុន្តែអ្វីដែលយើងគ្រប់គ្នាអាចធ្វើការបរិច្ចាគបានជួយដល់សង្គមប្រាកដណាស់គឺឈាមរបស់យើង ។
ឈាមដែលផ្តល់ជូនដោយប្រជាពលរដ្ឋនាពេលនេះ ក្នុងរយៈពេលមួយថ្ងៃមានរហូតដល់ ១២៥៧សាក់ ពិតជាបានបំបែកកំណត់ត្រាមួយធំ ប៉ុន្តែលើសពីនេះ ឈាមដែលបងប្អូនបានបរិច្ចាគ គឺបានចូលរួមចំណែកជួយទៅដល់សមាជិកគ្រួសារដែលត្រូវការឈាមភ្លាមដោយគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ហើយ វប្បធម៍នេះនឹងនូវតែបន្ត។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ និងចលនា ដើម្បីផ្តល់ឈាម ១០០០សាក់ រវាងក្រុមទាំងពីរនេះ ជាជំហានដំបូង ហើយ យើងកំពុងគិតគូរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យមាននិរន្តភាព ដោយមានការផ្តល់ឈាមជាប្រចាំប្រគល់ជូនមជ្ឈបណ្ឌលជាតិផ្តល់ឈាម ទុកជួយសង្រ្គោះអាយុជីវិតអ្នកត្រូវការឈាម។
កម្មវិធីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ចលនាកៀគរបរិច្ចាគឈាមនេះ គឺជាការរៀបចំឡើងដោយ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងបង្កើតទម្លាប់នៃវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ជាពិសេសផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ









