ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បង្ហាញពីវឌ្ឍនភាពគួរឱ្យ​កត់​សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបាន នៅក្នុង​ឆ្នាំ​២០២៤

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នា​ព្រឹក​​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងពីរបាយ​ការណ៍​សមិទ្ធ​ផល​នៃវិស័យសុខាភិបាលឆ្នាំ២០២៤ បាន​បង្ហាញ​ពីវឌ្ឍន​ភាព​គួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាល​សម្រេចបាន នៅក្នុង​ឆ្នាំ២០២៤ ក្នុងការម្រើសេវាថែទាំសុខភាព​ជូន​ប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវា​បង្ការ ព្យាបាល​ថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍​សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធី​លើកកម្ពស់​សុខ​ភាពបន្តពូជ សុខភាពមាតា ទារក កុមារ និង​អាហារូបត្ថម្ភ កម្មវិធី​បង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធ​សន្តិសុខសុខភាព និង​កម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាព​សាធារណៈដទៃទៀត ។

កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការ​អភិវឌ្ឍស្ថាប័ន និង អភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្ថែមទៀតថាជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន មានកិច្ច​ការសំខាន់ៗ ជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំ​ដាប់ថ្នាក់នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធ​ភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និងអន្តរាគ​មន៍​សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែ​ប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើនសមិទ្ធកម្ម​ប្រព័ន្ធ​សុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្ត​ពង្រឹងវឌ្ឍ​នភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការ​ពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្រប​ដណ្តប់​សុខភាព​ជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅ​សម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ​២០៣៥ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សន្និបាត​សុខា​ភិ​បាល​រយៈពេល ២ថ្ងៃនេះ នៅថ្ងៃទី៣ និងទី៤ ខែមីនា ឆ្នាំ២០២៥ នឹងជាឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែល​នឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទាន ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានមតិផ្តាំផ្ញើជូន​ដល់​អង្គ​សន្និ​បាត វិស័យសុខាភិបាលកម្ពុជាត្រូវការចាំបាច់ការ​ចូលរួម​ពីមន្ត្រីសុខាភិបាលទូទាំងប្រទេស និងអង្កការដៃគូទាំងអស់ ក្នុងការសម្រេចបានលទ្ធផលមកដល់ពេលនេះ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner