មេបញ្ជាការអង្គរក្ស៖ បរិវត្តកម្មឌីជីថល ផ្តល់ឱ្យស្ត្រី និងក្មេងស្រីនូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំប្រកបដោយគុណភាព
(កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា បរិវត្តកម្មឌីជីថល បានផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំប្រកបដោយគុណភាព និងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការបន្តគោលដៅ និងក្តីសុបិនតាមរបៀបដែលពីមុនមិនធ្លាប់មាន ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី ៨មីនា នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរ និងសូម គាំទ្រការលើកយកប្រធានបទ «ស្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» និងបានគូសរំលេចពីគុណតម្លៃនៃសុខសន្តិភាពក្នុងរយៈពេលជាង២៦ឆ្នាំ ដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ បានធ្វើឱ្យកម្ពុជា សម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល ។
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ក៏បានជំរុញបន្ថែមឲ្យយោធិននារី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើបក្នុង យុគសម័យថ្មី គោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈទូទៅចំពោះ ខ.ភ.ម និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទួនាទីភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន ៕
ដោយ ៖ វណ្ណលុក













