រដ្ឋមន្រ្តីកសិកម្ម ពន្យល់កសិករអំពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ក៏ដូចជានៅទីកន្លែងដទៃទៀតដែរ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង​បានជួប​សំណេះ​សំណាល​ដោយ​ស្និទ្ធ​ស្នាលជាមួយប្រជាកសិករជាង២០០គ្រួសារ មកពី៥ភូមិ ក្នុងឃុំកញ្ចរ ខណៈពួកគេមាន​បំណងចង​ក្រងជាសហគមន៍កសិកម្ម​ទំនើបសម្រាប់ដំណាំស្រូវ។

តបនឹងបំណងរបស់ប្រជាកសិករជាង២០០គ្រួសារ នៅឃុំកញ្ចរ ​ ក្នុង​ពិធីសំណេះសំណាលជាមួយកសិករដែលមានបំណង ឯកឧត្តម​រដ្ឋមន្រ្តី ឌិត ទីណា បានពន្យល់សង្ខេបអំពីអត្ថ​ប្រយោជន៍នៃការ​ចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជា ការកាត់បន្ថយថ្លៃដើម​ផលិត, ការទទួលបានការគាំទ្រផ្នែកដើមទុន និងបច្ចេកទេស និងជាពិសេសការតភ្ជាប់ទៅកាន់ទី​ផ្សារដែលមានការធានា​ថ្លៃទុក​ជាមុនច្បាស់លាស់ ។

លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា ការដាំស្រូវ​ពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញ​តិចជាងឆ្នាំមុន ហេតុនេះហើយ​ទើបកសិករ​​នៅទីនេះ​មានបំណងចង​ក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។

ជាជំនួយដល់កសិករលើផ្អែកស្មារតី និងបច្ចេកទេស​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​បានណែនាំ​ឱ្យមន្ត្រីជំនាញចុះសិក្សា​វាយតម្លៃពី​គុណភាព​ដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជ​ស្រូវដែល​សមស្របនឹងលក្ខខណ្ឌ​ក្សេត្របរិស្ថាន​ក្នុងតំបន់នេះ ព្រមទាំងប្រមូល​ផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ១០០០ហិកតា មុននឹងឈាន​ទៅរៀបចំសហគមន៍​កសិកម្ម​ទំនើប ដើម្បីធានាឱ្យបាននូវ​អត្ថប្រយោជន៍​ពីសេដ្ឋកិច្ចមាត្រដ្ឋាន។
សូមជម្រាបថា គោលនយោបាយលើវិស័យកសិកម្ម ក្រោមការដឹកនាំរបសើរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ការប្រមែប្រមូលកសិករឱ្យចូលរួមបង្កើត​សហគមន៍កសិកម្មទំនើប គឺជាយន្តការថ្មីបន្ថែមក្នុងការលើកស្ទួយវិស័យកសិកម្ម និងជីវភាពរបស់កសិករ៕
ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner