មេដឹកនាំគណបក្សធម្មាធិបតេយ្យអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស កុំចូលរួមសមាជមហាជនគាំទ្រចលនាខុសច្បាប់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅទីក្រុងប៉ារីស នាថ្ងៃទី២២ ខែមីនា

ភ្នំពេញ៖ មេដឹកនាំគណបក្សធម្មាធិបតេយ្យបានអំពាវនាវដល់ប្រជាពលរដ្ឋ​នៅក្រៅប្រទេសសូមកុំចូលរួមជាមួយជនក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមដែលប្រកាសធ្វើសមាជមហាជនក្នុងគោលបំណងគាំទ្រចលនាជាតិតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលនឹងប្រព្រឹត្តនៅទៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះពីព្រោះការប្រកាសកៀរគរប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលលុយពីប្រជាពលរដ្ឋយកទៅប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយចលនាជាតិតស៊ូ គឺជាចលនាខុសច្បាប់។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ៖ ចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ ហើយបើសិនជារដ្ឋាភិបាលកម្ពុជាសរសេរញត្តិសួរទៅរដ្ឋាភិបាលបារាំង តើចលនារបស់ក្រុមប្រឆាំងជ្រុលនិយមមានច្បាប់មកពីណា? បើយកច្បាប់នៅកម្ពុជាទៅប្រើនៅប៉ារីសវាជារឿងចម្លែកមួយហើយ គឺវាមិនអាចទេ។ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកកុំដើរផ្លូវខុសដូចជាទណ្ឌិត សម រង្ស៊ី។

លោកជំទាវបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺមានទំនាយដូចឪពុកខ្លួនអ៊ីចឹង ទំនាយរបស់គាត់មិនអាច គឺមិនអាចទៅជាអ្នកស្នេហាជាតិបានទេ គឺទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រដូចជាឪពុកគាត់អ៊ីចឹង។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ពិចារណា កម្ពុជាបច្ចុប្បន្ននេះបានសុខសប្បាយ និងមានសន្តិភាពប៉ុណ្ណឹង គឺរក្សាប៉ុណ្ណឹងទៅ ទឹកដីសល់ប៉ុណ្ណារក្សាឲ្យបានប៉ុណ្ណឹងទៅ។ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។

ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់កុំចូលរួមសមាជមហាជនដើម្បីគាំទ្រចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយសូមកុំចំណាយលុយខុសរឿង ពីព្រោះទណ្ឌិត សម រង្ស៊ី ធ្វើនេះដើម្បីតែប្រមូលលុយពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ទុកលុយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារវិញល្អជាង កុំមកចូលរួមជាមួយទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ធ្វើរឿងអត់ប្រយោជន៍បំផ្លាញជាតិខ្លួនឯងឲ្យជាប់ឈ្មោះមានមុខជាអ្នកក្បត់ជាតិដូចទណ្ឌិត សម រង្ស៊ី នោះ។

មេដឹកនាំគណបក្សធម្មាធិបតេយ្យបានអះអាងថា ចលនាជាតិតស៊ូដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី នៅក្រៅប្រទេស គឺមិនអាចមកផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បានទេ និងមិនអាចបង្កភាពវឹកវរនៅក្នុងប្រទេសកម្ពុជាបានទេ។ ពីព្រោះប្រជាពលរដ្ឋមិនគាំទ្រចលនាខុសច្បាប់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ គឺប្រជាពលរដ្ឋស្រឡាញ់និងជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះគ្នាអ្នកណាគាំទ្រចលនាខុសច្បាប់នេះទេ៕
ដោយ៖ពលជ័យ

ads banner