លោក ឌី រ័ត្នខេមរុណ ៖ ទិវាអន្តរជាតិនារីលើកទី១១៤ រម្លឹក និងឆ្លុះបញ្ចាំង ការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី

(ភ្នំពេញ) ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ បានគូសបញ្ជាក់ថា គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារ សិទ្ធិសេរីភាព និង ការឆ្លុះបញ្ចាំង ពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការ វិជ្ជមាន នានា សំដៅបន្តលើកកម្ពស់ សមភាព យេនឌ័រ និង បង្កើនភាព អង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី ។

នេះជាការគូសបញ្ជាក់ ក្នុងឱកាសជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប” ដោយមានការចូលរួមពីលោកស្រី ហ៊ុន សុធារ៉ា ជាភរិយា ក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារ សព្វថ្ងៃ របស់មន្រ្តីសង្កាត់ និង រដ្ឋបាលប៉ុស្តិ៍ ជាស្រ្តីទាំងអស់ នៅសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ អោយមានការរីកចំរើនផងដែរ ។ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ភរិយា ព្រមទាំងតំណាងនារីសង្កាត់ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីដែលបានចូលរួម សរុប ២៣នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner