អ៊ីស្រាអែល និងអាមេរិក ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាកម្លាក្រុមហាម៉ាស់

ហ៊្សេរុយសាឡឹម ៖ ស្របពេលដែលបទឈប់បាញ់ដំណាក់កាលទី ២ ជាមួយក្រុមហាម៉ាស់ជាប់គាំង កងទ័ពអាកាសអ៊ីស្រាអែល និងអាមេរិក នៅថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធយោធារួមគ្នាមួយ ពាក់ព័ន្ធនឹងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងសមយុទ្ធនោះ យន្តហោះចម្បាំង F-35I និង F-15I របស់អ៊ីស្រាអែល បានហោះហើរអមជាមួយយន្តហោះ B-52 របស់អាមេរិក ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចម្ងាយឆ្ងាយ។

បើតាមកងកម្លាំង IDF សមយុទ្ធនេះនឹងផ្តោតលើការសម្របសម្រួលប្រតិបត្តិការរវាងយោធាទាំងពីរ ដើម្បីពង្រឹងសមត្ថភាពទប់ទល់ការគំរាមកំហែងក្នុងតំបន់ផ្សេងៗ ហើយក៏មានគោលបំណងពង្រឹង និងរក្សាកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកងកម្លាំងទាំងពីរ។

សមយុទ្ធទ័ពអាកាសនេះធ្វើឡើងក្នុងពេលវេលាដ៏រសើបមួយនៅមជ្ឈិមបូព៌ា ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតក្នុងភាពផុយស្រួយ ហើយអ៊ីស្រាអែលគំរាមវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយមានការគាំទ្រពីរដ្ឋបាលលោក ត្រាំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner