ក្រុមហ៊ុន Huawei ដាក់ញ្ញតិប្តឹងជំទាស់មួយទៅកាន់តុលាការសហរដ្ឋអាម៉េរិក
ចិន៖ ក្រុមហ៊ុន Huawei នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានដាក់ញ្ញតិមួយទៅកាន់តុលាការ ក្នុងរដ្ឋតិចសាស់ ដើម្បីស្នើឲ្យតុលាការអាម៉េរិកប្រកាសចាត់ទុកការអនុវត្តច្បាប់ស្តីសកម្មភាពការពារជាតិអាម៉េរិក ហៅកាត់ថា (NDAA) ឆ្នាំ២០១៩ គឺជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក។
យ៉ាងណាមិញ សហរដ្ឋអាម៉េរិកបានពន្យារពេល៩០ថ្ងៃ សម្រាប់ការអនុវត្តបម្រាមនេះ ដើម្បីបន្ធូរបន្ថយការរិះគន់ពីអន្តរជាតិ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា សហរដ្ឋអាម៉េរិកបានទាញ Huawei មកប្រឡូកក្នុងរឿងនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នោះគឺសង្គ្រាមពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោក សុង លីវភីង ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុនលោក ដោយយកបញ្ហាសន្តិសុខអ៊ីនធើណិត គឺជាលេស ហើយថា វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះ កាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដ ដែលយើងកំពុងប្រឈម។
លោក សុង បាននិយាយទៀតថា អ្នកនយោបាយរបស់សហរដ្ឋអាម៉េរិកកំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និងស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត៕ធ.ដ