Hazard ផ្ទេរទៅ Real Madrid ក្នុងតម្លៃ១៤៥លានដុល្លារ
ក្លិប Chelsea បានយល់ព្រមលក់តារាឆ្នើមរបស់ខ្លួន គឺកីឡាករ Eden Hazard ទៅឱ្យក្លិប Real Madrid ហើយក្នុងតម្លៃផ្ទេរចំនួន១១៥លានផោន ឬស្មើនឹង ១៤៥លានដុល្លារអាម៉េរិក នេះបើយោងតាមការចុះផ្សាយរបស់ការសែតដ៏ល្បី The Sun។
ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ២៨ ឆ្នាំ Eden Hazard ត្រូវបានគេឱ្យដឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញអធិរាជស Real Madrid ហើយបើតាមរបាយការណ៍បានឱ្យដឹងទៀតថា Hazard នឹងទទួលបានប្រាក់ឈ្នួលចំនួន ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ នៅពេលផ្ទេរទៅកាន់ទឹកដី Santiago Bernabeu នារដូវក្ដៅនេះ។
រវាងក្លិបទាំងពីរ Chelsea និង Real Madrid ត្រូវបានគេរាយការណ៍ថា បានចរចាអស់រយៈពេលជាង២សប្តាហ៍មកហើយ ដោយម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich បានបញ្ជាឱ្យលក់កីឡាកររូបនេះភ្លាម ជាជាងប្រឈមនឹងការបាត់បង់ Eden Hazard នៅឆ្នាំក្រោយដោយគ្មានបានអ្វីទាល់តែសោះ ខណៈកុងត្រារបស់តារាសញ្ជាតិបែលហ្ស៊ិករូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ៕ធ.ដ