នាយករដ្ឋមន្ត្រីអូទ្រីសចុះចេញតំណែងជាផ្លូវការ ក្រោយសភាបោះឆ្នោតមិនផ្ដល់ សេចក្ដីទុកចិត្ត
លោក Sebastian Kurz នាយករដ្ឋមន្ត្រីប្រទេសអូទ្រីស ឬគេនិយមហៅថា អធិការបតីអូទ្រីស បានចុះចេញពីតំណែងជាផ្លូវការហើយ កាលពីម្សិលមិញ បន្ទាប់ពីសភាបោះឆ្នោតមិនផ្ដល់សេចក្ដីទុកចិត្ត ដល់រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក។
ប្រធានាធិបតីអូទ្រីស Alexander Van der Bellen បានសម្រេចចិត្តតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Hartwig Loeger ជាអធិការបតីអូទ្រីសចាំផ្ទះ ហើយក៏បានអំពាវនាវផងដែរឱ្យរដ្ឋមន្ត្រីទាំងអស់លើកលែងលោក Kurz ចេញ នៅបន្តកាន់មុខតំណែងជាធម្មតាដដែល រហូតដល់ការបោះឆ្នោតសភានៅខែកញ្ញាខាងមុខនេះ។
លោក Sebastian Kurz ដែលទើបតែមានអាយុ៣២ឆ្នាំ ត្រូវបានគេរំពឹងថា អាចនឹងត្រឡប់មកកាន់អំណាចវិញសាជាថ្មី ខណៈលោកនៅតែកាន់តំណែងជាប្រធានបក្ស People’s Party ដែលជាបក្សទទួលបាន សំឡេងគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតកន្លងមក។
រដ្ឋាភិបាលចម្រុះរបស់លោក Sebastian Kurz បានរលំរលាយ ក្រោយការបែកធ្លាយវីដេអូរឿងអាស្រូវ របស់អតីតអនុអធិការបតីអូទ្រីស លោក Heinz-Christian Strache ពាក់ព័ន្ធនឹងការស្នើសុំជំនួយគាំទ្រពីរុស្ស៊ីជាមួយស្រ្តីម្នាក់ ជាថ្នូរនឹងការផ្ដល់កិច្ចសន្យារដ្ឋនានា ខណៈមជ្ឈដ្ឋានខ្លះគិតថានេះគឺជាទង្វើក្បត់ជាតិ។ តែលោក Strache បានបដិសេធយ៉ាងខ្លីថា លោកមិនបានប្រព្រឹត្តបទឧសក្រិដ្ឋណាមួយនោះទេ រីឯគណបក្ស ប្រឆាំងរបស់លោកបានចោទប្រកាន់ថា លោក Kurz ទៅវិញទេគឺជាអ្នកដែលទទួលខុសត្រូវ ចំពោះការបែកធ្លាយវីដេអូនោះ៕ធ.ដ