សេដ្ឋីនីពិភពលោកបរិច្ចាគប្រាក់ជិត២០ពាន់លានដុល្លារ ដល់មូលនិធិសប្បុរសធម៌
លោកស្រី MacKenie Bezos ដែលទើបលែងលះជាមួយស្វាមីបានសន្យាកាលពីម្សិលមិញថា លោកស្រីនឹងបរិច្ចាគទឹកប្រាក់យ៉ាងហោចណាស់ពាក់កណ្តាល នៃទ្រព្យសម្បត្តិដែលលោកស្រីមានទាំងអស់ ទៅកាន់មូលនិធិសប្បុរសធម៌។
លោកស្រី MacKenie ក្រោយពីលះលែងជាមួយលោក Jeff Bezos និងចែកទ្រព្យសម្បត្តិគ្នារួចមក លោកស្រីបានក្លាយជាសេដ្ឋីមួយរូបដែរនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ២២ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៦,៦ពាន់លានដុល្លារអាមេរិក ដូច្នេះការបរិច្ចាគពាក់កណ្តាលគឺស្មើនឹងជិត២០ពាន់លានដុល្លារអាម៉េរិក។
ការប្រកាសបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់របស់លោកស្រី គឺត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តឲ្យកំពូលមហាសេដ្ឋីលើលោក ធ្វើការបរិច្ចាគទឹកប្រាក់ ឬទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីកិច្ចការមនុស្សធម៌ អំឡុងពេលដែលពួកគេមានជីវិត និងទៅតាមឆន្ទៈគ្រប់ៗគ្នា។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបរិច្ចាគនេះ គឺត្រូវបានបំផុសឡើងដំបូងដោយ កំពូលមហាសេដ្ឋី Bill Gates និង Warren Buffett ហើយជាបន្តបន្ទាប់ទៀត ក៏មានមហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនទៀត យកគំរូតាមផងដែរ៕ធ.ដ