អាជ្ញាធរម៉ាឡេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ៣,០០០តោន ទៅកាន់បណ្តាប្រទេសដើមវិញ
ម៉ាឡេស៊ី៖ សំរាមសរុបចំនួន៦០កុងតឺណឺ ឬស្មើនឹង៣,០០០តោន ដែលបានដឹកមកបោះចោលដោយខុសច្បាប់នៅម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ហើយអ្នកដែលទទួលយកសំរាមទាំងនេះចូលមកក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីអ្នកនាង Yeo Bee Yin។
ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហានាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បានអះអាងថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថា បញ្ហាសំរាមក៏កំពុងកើតមានរវាងហ្វីលីពីន និងកាណាដាផងដែរ ដោយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ជួលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកសំរាម៦៩កុងតឺណឺត្រឡប់ទៅកាន់កាណាដាវិញ ហើយទុកចោលនៅក្នុងដែនទឹករបស់កាណាដាតែម្តង ប្រសិនបើពួកគេមិនព្រមទទួលយក៕ម.ន