សហរដ្ឋអាម៉េរិកបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងរំលោភសេចក្តី សម្រេចចិត្តរបស់អង្គការសហប្រជាជាតិ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ម័រហ្គែន អ័រតាហ្គូស នៅថ្ងៃអង្គារ៍នេះបានលើកឡើងថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅពេលត្រូវបានសួរអំពីការបាញ់សាកល្បងមីស៊ីលថ្មីៗនេះ ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង លោកស្រី អ័រតាហ្គូស បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកស្រីគិតថា កម្មវិធីអាវុធប្រល័យលោកទាំងអស់របស់កូរ៉េខាងជើង គឺប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ អ្វីដែលសហរដ្ឋអាម៉េរិកផ្តោតការយកចិត្តទុកដាក់នោះ គឺព្យាយាមធ្វើការចរចាដើម្បីបញ្ចប់ដោយសន្តិវិធីចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងនេះ។
លោកស្រី អ័រតាហ្គូស ត្រូវបានស្នើសុំឱ្យបញ្ជាក់ច្បាស់ពីជំហររបស់ក្រសួងការបរទេសអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើការប្រឆាំងទៅនឹងទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន អំពីថាតើការបាញ់សាកល្បងអាវុធដោយកូរ៉េខាងជើងនៅខែនេះ បានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែរ ឬទេ៕ម.ន