កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេ សេង សុជាតា អំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះឲ្យបានច្រើន

អត្ថបទដោយ៖
Kien Sereyvuth

កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេ សេង សុជាតា និងជំនួយការបើកបរ បានអំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះឲ្យបានច្រើន ដោយអះអាងថា យើងសុទ្ធតែចាប់ផ្តើមដំបូងដូចគ្នា គ្រាន់តែព្យាយាមប្រើភាពអំណត់បន្តិច ទោះឧបសគ្គយ៉ាងណាក៏អាចធ្វើបានដែរ។

ការថ្លែងបែបនេះ ធ្វើឡើងក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន តូតាល់ បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប៦២៤គីឡូម៉ែត្រ កាលពីពេលថ្មីៗនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

កីឡាការិនីរូបនេះ បន្តថា ការប្រណាំងបែបធម្មជាតិនេះ ធ្វើឲ្យនាងសប្បាយរីករាយ ពីព្រោះថាជាកន្លែងមិនធ្លាប់បានទៅ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញ និងបង្ហាញភ្ញៀវទេសចរពីតំបន់អភិរក្សធនធានធម្មជាតិដ៏សំបូរបែបដែលកម្ពុជាមាន ទៅកាន់ពិភពលោកផងដែរ។ ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រសួងបរិស្ថានបន្តការគាំទ្រព្រឹត្តការណ៍ប្រណាំងបែបធម្មជាតិនេះ នៅឆ្នាំក្រោយៗទៀត។

រីឯលោក ASIF IQBAL អគ្គនាយកក្រុមហ៊ុន Total ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន តូតាល់ រីករាយណាស់ ដែលបានចូលរួមឧបត្ថមកម្មវិធី Khmer Rally Raid 2019  នេះដែលបានប្រារព្ធឡើងដោយជោគជ័យ។ កម្មវិធីនេះជួយលើកស្ទួយកីឡាប្រណាំងក្នុងស្រុក ហើយថែមទាំងលើកតម្កើងការយល់ដឹងពីប្រធានបទសំខាន់ផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរ ដូចជា បរិស្ថាន និងការបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner