សិស្សគុន២៦រូប ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកទឹកចិត្តដំឡើងខ្សែក្រវាត់
សិស្សគុន២៦រូប ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកទឹកចិត្តដំឡើងខ្សែក្រវាត់ នៅសាលសហព័ន្ធកីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិ បន្ទាប់ពីបានខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមក។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ មានប្រសាសន៍ថា ការប្រឡងដំឡើងខ្សែក្រវាត់នេះ ធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់សិស្សគុន ដែលបានខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ទើបសហព័ន្ធប្រគល់លិខិតបញ្ជាក់ជូនដល់ពួកគេ ទៅតាមការបង្ហាញសមត្ថភាពរៀងៗខ្លួន ព្រមទាំងសម្លឹងមើលពីសមត្ថភាពកីឡាករ កីឡាការិនីមួយចំនួន ហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិនានា។
អគ្គលេខាធិការរូបនេះបញ្ជាក់ថា ក្រោយការបង្ហាញបច្ចេកទេស ជាលទ្ធផល និងការវាយតម្លៃ យ៉ាងយកចិត្តទុកដាក់របស់គ្រូជំនាញ គឺក្នុងចំណោមសិស្សគុនទាំង២៦នាក់ មាន៨នាក់ បានទទួលលិខិតបញ្ជាក់ ហើយ៤នាក់ទទួលបានវិញ្ញាបនបត្រ ស្របពេល៦នាក់ទទួលបានខ្សែក្រវាត់ខ្មៅកម្រិត១ដាន់ ហើយមាន៥នាក់ត្រូវបានដំឡើងខ្សែក្រវាត់២នាក់ និងមាន៣នាក់ត្រូវបានដំឡើងខ្សែក្រវាត់កម្រិត៣ដាន់ ។ លោកជឿងជាក់យ៉ាងមុតមាំថា កីឡាករ កីឡាការិនីទាំងអស់នេះ នឹងបន្ដការប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតកំពូលមួយនាថ្ងៃអនាគត។
គួររំលឹកថា ប្រភេទកីឡាហាប់គីដូ មានប្រភពដើមមកពីកូរ៉េខាងត្បូង ខណៈសហព័ន្ធហាប់គីដូកម្ពុជា កំពុងបង្កើនការបណ្តុះបណ្តាលធនធានអត្តពលិកវ័យក្មេងឲ្យកាន់តែសម្បូរបែប ជាមួយនឹងការខិតខំស្វែងរកការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិ ដូចបណ្តាប្រភេទកីឡានានា ក្នុងគោលដៅលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ា ពិធីដំឡើងខ្សែក្រវាត់ ប្រគល់លិខិតបញ្ជាក់ និងវិញ្ញាបនបត្រ ធ្វើឡើងក្រោមវត្តមាន ឯក ឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ៕ធ.ដ