ប្រទេសចិន គឺជាជំរំហ្វឹកហាត់ដ៏ល្អបំផុតសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ និងស៊ីហ្គេម ២០២៣ នៅកម្ពុជា
ប្រទេសចិន គឺជាជំរំហ្វឹកហាត់ដ៏ល្អបំផុតសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ និងស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយភាគច្រើនចិនគឺក្តោបក្តាប់តារាងមេដាយពិភពលោក និងមានគ្រូកម្រិតអន្តរជាតិ និងស្តង់ដារពិភពលោក ព្រមទាំងមានទីលានច្រើននៅទីនោះ ម្យ៉ាងទៀតរបបអាហារក៏មិនខុសកម្ពុជាប៉ុន្មានដែរ ចំណុចសំខាន់នោះ ចិន-កម្ពុជា គឺជាបងជាប្អូន និងជាមិត្តដែកថែប ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ម្យ៉ាងទៀតមិត្តចិនមានការយកចិត្តទុកដាក់ខ្លាំងមកលើកម្ពុជា។ នេះការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រាដែលឯកឧត្តមដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ៦រូប រួមមានកីឡាការិនីចំបាប់៥រូប និងកីឡាករកាយសម្ព័ន្ធ១រូប ចេញទៅហ្វឹកហាត់ នៅប្រទេសចិន។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការបោះជំរំហ្វឹកហាត់រយៈវែងលើកដំបូងសម្រាប់អត្តពលិកកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនគុណផល និងជំរុញកីឡាករ-កីឡាការិនីកម្ពុជា មានសមត្ថភាពកម្រិតខ្ពស់ឆ្ពោះទៅប្រកួតប្រជែង លើឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ។ ការបោះជំរំហ្វឹកហាត់នេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Tang Gordon អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបន្តថា កម្ពុជាក៏កំពុងរៀបគម្រោងបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ទៅហ្វឹកហាត់ក្រៅស្រុក ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក្រៅពីចំបាប់ និងកាយសម័្ពន្ធ យើងនឹងមានរៀបចំជាង ១០០នាក់ ទៅហ្វឹកហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីជំរុញគុណភាពហ្វឹកហាត់ពិសេស ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការហ្វឹកហាត់រយៈពេលវែង ចាប់ពីឆ្នាំនេះដល់ឆ្នាំ២០២៣ តែម្ដង។
សូមបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលបញ្ជូនទៅហ្វឹកហាត់ នៅចិន រួមមានកីឡាចំបាប់៥រូប គឺកីឡាការិនី ឌន ស្រស់ ជា កញ្ញា ឌិត សំណាង សឿន នឿន និងយុន ដាណេ។ ចំណែកកីឡាកាយសម្ព័ន្ធម្នាក់ គឺកីឡាករ អៀ សៀវមីង រីឯការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងការថែទាំហ្វឹកហាត់នៅចិន គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Tang Gorden អនុប្រធាន NOCC ៕ធ.ដ