អ៊ីរ៉ង់រិះគន់សហរដ្ឋអាម៉េរិក ជុំវិញការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ
អ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់ បានរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយចោទថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមែនកំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ទេ ហើយថា រូបលោកនឹងស្វាគមន៍សម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីស បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បាននិងកំពុងធ្វើឱ្យប្រជាជនអ៊ីរ៉ង់រងការឈឺចាប់ ក៏ដូចជាបង្កភាពតានតឹងខ្លាំងនៅក្នុងតំបន់។ បន្ថែមលើនេះ លោក ហ្ស៊ារីស ក៏បានទាត់ចោលការលើកឡើងដែលថា អ៊ីរ៉ង់បាននឹងកំពុងព្យាយាមអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរផងដែរ។
សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានហៅផែនការដាក់ពង្រាយកងទ័ពបន្ថែមទៀតពីសំណាក់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ថា ជាទង្វើបង្កគ្រោះថ្នាក់បំផុត និងជាការគំរាមកំហែងមួយដល់សន្តិសុខ និងសន្តិភាពអន្តរជាតិ៕ធ.ដ