ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក វៀតណាមសម្រេចសម្លាប់សត្វជ្រូកជិត២លានក្បាល គិតត្រឹមខែឧសភានេះ

វៀតណាម៖ រយៈពេលត្រឹមពីរសប្ដាហ៍ចុងក្រោយនេះ ជ្រូកចំនួនប្រាំសែនក្បាលត្រូវបានសម្លាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ហើយបើស្ថានការណ៍នៅតែអាក្រក់នោះ វៀតណាមគ្រោងបញ្ចេញយោធាដើម្បីជួយដោះស្រាយផងដែរ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្មវៀតណាម នៅក្នុងថ្ងៃអង្គារ៍នេះ។

ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកបានផ្ទុះឡើងនៅវៀតណាមជាលើកដំបូង កាលពីខែកុម្ភៈកន្លងទៅ ហើយបើគិតពីខែកុម្ភៈ រហូតដល់ខែឧសភានេះ ជ្រូកចំនួន១,៧លានក្បាលដែលស្មើនឹងប្រាំភាគរយនៃបរិមាណជ្រូកទូទាំងប្រទេស ត្រូវបានអាជ្ញាធរសម្លាប់ ខណៈគ្រាន់តែពីថ្ងៃទី១៣ ខែឧសភាមក សត្វជ្រូកចំនួនប្រាំសែនក្បាល ត្រូវបានសម្លាប់ នេះបើតាមការរបាយការណ៍របស់នាយកដ្ឋានផលិតកម្មសត្វនៃក្រសួងកសិកម្មវៀតណាម។

គួរបញ្ជាក់ថា សាច់ជ្រូកមានចំណែកដល់ទៅ៧៥ភាគរយនៃបរិមាណសាច់សម្រាប់បរិភោគនៅប្រទេសអាស៊ីមួយនេះ ហើយប្រជាជនវៀតណាមប្រមាណ៩៥លាននាក់ ពឹងផ្អែកលើសត្វជ្រូកប្រមាណ៣០លានក្បាល ដែលត្រូវបានចិញ្ចឹមនៅទូទាំងប្រទេស។ យ៉ាងណាមិញ វត្តមានជំងឺលើសត្វជ្រូកនេះកំពុងបង្កផលប៉ះពាល់ខ្លាំងដល់ការបរិភោគរបស់ប្រជាជន ស្របពេលដែលវីរុសនេះបានរាលដាលដល់ខេត្តចំនួន៤២ ក្នុងចំណោមខេត្តទាំង៦៣ របស់វៀតណាម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner