Paetongtarn ចុះជួបសាច់ញាតិអ្នកបាត់ខ្លួនក្នុងគំនរថ្ម
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជួបជាមួយសាច់ញាតិរបស់អ្នកដែលបាត់ខ្លួន បន្ទាប់ពីអគារខ្ពស់ នៅទីក្រុងបាងកកបានដួលរលំ កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលរញ្ជួយដី ដ៏ខ្លាំងមួយ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្មករជាង៧០នាក់ ត្រូវបានគេជឿថា នៅតែកប់នៅក្នុងគំនរបាក់បែក នៃអគារកម្ពស់៣០ជាន់ ដែលស្ថិតក្នុងដំណើរការសាងសង់ មួយនេះ។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាឱ្យមានការស៊ើបអង្កេត យ៉ាងទូលំទូលាយ លើការដួលរលំអគារការិយាល័យសវនកម្មរដ្ឋថ្មី មួយនេះ ដោយកត់សម្គាល់ថា «នេះមិនមែនគ្រាន់តែជាការដួលរលំអគារ ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងប៉ះពាល់ដល់មុខមាត់ របស់ប្រទេសថៃ ផងដែរ»។
លោកស្រី បាននិយាយថា លោកស្រីបានណែនាំដល់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ផ្តើមការស៊ើបអង្កេត ដើម្បីធានាថា គម្រោងសង់អគារទាំងអស់ ត្រូវធានាសុវត្ថិភាព និងស្របតាមស្តង់ដារ នេះបើតាមទីភ្នាក់ងារព័ត៌មាន Thai pbs ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត