ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៣០០លានដុល្លារអាម៉េរិកដល់ហ្វីលីពីន ដើម្បីលើកកម្ពស់វិស័យអប់រំ
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនបានអនុម័តការផ្តល់កម្ចី៣០០លានដុល្លារអាម៉េរិក ជួយដល់វិស័យអប់រំកម្រិតអនុវិទ្យាល័យ នៅប្រទេសហ្វីលីពីន។ ធនាគារមានមូលដ្ឋាននៅហ្វីលីពីនមួយនេះ បានប្រកាសថា ទំហំទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែរបស់រដ្ឋាភិបាលហ្វីលីពីន លើការព្យាយាមសម្រេចឲ្យបាននូវការពង្រឹងគុណភាពអប់រំកាន់តែល្អប្រសើរ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
ធនាគារបញ្ជាក់ថា កម្មវិធីជួយវិស័យអប់រំកម្រិតអនុវិទ្យាល័យនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស១០លាន៦សែននាក់ទូទាំងប្រទេស។ ជាងនេះទៀត គម្រោងក៏នឹងជួយបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រនៅហ្វីលីពីនផងដែរ ស្របពេលដែលរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយភាពក្រីក្រឲ្យនៅត្រឹម១៤ភាគ នៅត្រឹមឆ្នាំ២០២២ ពោលគឺធ្លាក់ពី២១ភាគរយ។ ខណៈដែលកំណែទម្រង់ក្នុងប្រព័ន្ធអប់រំកម្រិតអនុវិទ្យាល័យនៅហ្វីលីពីន កំពុងដំណើរការនោះ ធនាគារ ADB បានរកឃើញថា ការចុះឈ្មោះចូលរៀន និងអត្រាបញ្ចប់ការសិក្សានៅតែមានកម្រិតទាប ជាពិសេស ក្នុងចំណោមសិស្សមកពីផ្ទះគ្រួសារក្រីក្រ៕ធ.ដ