រុស្ស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរវាងក្រុមអ្នកនយោបាយអាហ្វហ្កានីស្ថាន និងអ្នកតំណាងតាលីបង់ក្នុងសប្តាហ៍នេះ
រុស្ស៊ី៖ ក្រុមអ្នកនយោបាយប្រឆាំងលេចធ្លោនៅអាហ្វហ្កានីស្ថាន និងអ្នកតំណាងក្រុមបះបោរតាលីបង់ នឹងជួបគ្នានៅប្រទេសរុស្ស៊ី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដើម្បីជំរុញការចរចាការដោះស្រាយសង្គ្រាមអាហ្វហ្កានីស្ថាន ដែលបន្តធ្វើឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ជារៀងរាល់ថ្ងៃ។
ជំនួបពិភាក្សារវាងភាគីទាំងពីរ គ្រោងធ្វើឡើងស្របពេលដែលការចរចាសន្តិភាពដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ ហាក់មានភាពយឺតយ៉ាវ ឬសឹងតែជាប់គាំង ដោយសារក្រុមបះបោរបដិសេធមិនបញ្ឈប់អរិភាព លុះត្រាតែកងកម្លាំងអន្ដរជាតិដឹកនាំដោយអាម៉េរិកចេញពីអាហ្វហ្កានីស្ថាន ។
ជំនួបជុំពិសេសនោះ នឹងមានការចូលរួមដោយអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai និងប្រធានក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់អាហ្វហ្កានីស្ថាន លោក Mohammad Karim Khalili ដែលមានភារកិច្ចជំរុញការផ្សះផ្សាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ។
បើតាមក្រសួងការបរទេសរុស្ស៊ី នៅមុនកិច្ចចរចាសន្តិភាពក្នុងថ្ងៃពុធនេះ គណៈប្រតិភូតាលីបង់ និងអាហ្វហ្កានីស្ថាន គ្រោងចូលរួមកិច្ចប្រជុំមួយនៅក្នុងថ្ងៃអង្គារនេះ ដើម្បីប្រារព្ធខួប១០០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងរដ្ឋាភិបាលក្រុងកាប៊ុល៕ធ.ដ