ជប៉ុនគ្រោងបញ្ជាទិញយន្ដហោះចម្បាំង F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ជប៉ុនមានគម្រោងបញ្ជាទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាម៉េរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានស្នើជាច្រើនលើកឱ្យទីក្រុងតូក្យូ ទិញបរិក្ខារយោធាបន្ថែម ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ការលើកឡើងបែបនេះរបស់លោក ត្រូវបានធ្វើឡើងនាឱកាសដែលរូបលោកកំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសជប៉ុន ហើយដែលនឹងត្រូវបញ្ចប់នៅក្នុងថ្ងៃអង្គារ៍នេះ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា សហរដ្ឋអាម៉េរិកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការបង្កើនសមត្ថភាពការពារជាតិ ហើយនារយៈពេលប៉ុន្មានខែមកនេះ យើងបានបញ្ជូនឱ្យពួកគេនូវបរិក្ខារយោធាដ៏ច្រើនសន្ធឹកសន្ធាប់៕ធ.ដ