ប្រធានអូឡាំពិកម្ពុជា ចាត់ទុកការប្រកួតវាយកូនឃ្លីលើតុ ផ្លូវមួយ ខ្សែក្រវាត់មួយ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិកត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានអូឡាំពិកម្ពុជា ឯកឧត្តម ថោង ខុន បានចាត់ទុកការប្រកួតវាយកូនឃ្លីលើតុមិត្តភាព ពានរង្វាន់ ONE PARK  ផ្លូវមួយ ខ្សែក្រវាត់មួយ និងអបអរសាទរឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៩ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិកត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតពានរង្វាន់ ONE PARK ដែលកម្ពុជា-ចិន រៀបចំរួមគ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជាកាន់តែស្អិតរមួត និងបន្តរួមគ្នាពង្រឹង ពង្រីកបន្ថែមទៀត ចាប់ពីអតីតកាលមកដល់បច្ចុប្បន្ន និងទៅអនាគតប្រកបដោយការគោរព ជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប។ ឯកឧត្តមបន្តថា ការប្រកួតនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ការបំពេញអោយគ្នា ក្នុងភាពជាដៃគូសហប្រតិបត្តិការលើវិស័យសាធារណៈ និងផ្នែកឯកជនតាមរយៈក្រុមហ៊ុន ONE PARK GROUP ក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាទេសចរណ៍ ពិសេសវិស័យកីឡាវាយកូនឃ្លីលើតុ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដោយឡែក ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រកួតវាយកូនឃ្លីលើតុ ដែលកម្ពុជា-ចិន រៀបចំរួមគ្នានេះ មានគោលបំណង បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលមកធ្វើការវិនិយោគ និងរស់នៅលើទឹកដីប្រទេសកម្ពុជា។

ចំពោះលទ្ធផលប្រកួតវិញ ក្រុមកម្ពុជា លេខ១ បានលើអង្គភាពកីឡានគរបាលជាតិកម្ពុជា លេខ២ ក្លិបអលស្តា លេខ៣ បានក្លិបសន្ធរម៉ុកថ្មី និងលេខ៣ស្ទួន ក្លិបស្តៃដឺមែន។ រីឯចំណាត់ថ្នាក់ ក្រុមចិន លេខ១ បានលើក្រុមសភាពាណិជ្ជកម្ម ហ៊ូណាន លេខ២ ក្លិបសភាពាណិជ្ជក្វាងទុង និងលេខ៣ ក្លិប ឌី អ៊ីងឈួងលេន និងលេខ៣ស្ទួន ក្លិបសភាពាណិជ្ជកម្មចិន នៅកម្ពុជា។ រីឯក្រុមល្អបំផុតបានលើក្រុមកម្ពុជា គឺក្រុមអង្គភាពកីឡានគរបាលជាតិ ដណ្តើមប្រាក់រង្វាន់១៥០០ដុល្លារ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner