ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានក្លាយជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩
ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានក្លាយជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះជើងឯកឆ្នាំចាស់ ក្រុមអគ្គនាយកពន្ធដារ ៤:៣ ខណៈលេខ៣ ក្រុមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលេខ៤ ក្រុមរតនាគារជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីចុងសប្តាហ៍កន្លងទៅ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ពានរង្វាន់ក្រសួងនេះ បង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងក្រសួងផង ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងបណ្ដុះស្មារតីស្រឡាញ់ការលេងកីឡា ព្រមទាំងដើម្បីបង្កើនសមត្ថភាពកីឡាកររបស់ក្រសួង ដើម្បីអាចជ្រើសរើសបានកីឡាករឆ្នើមៗជម្រើសក្រសួង សម្រាប់ការប្រកួតមិត្តភាព ជាមួយក្រសួង-ស្ថាប័នផ្សេងទៀត ជាពិសេសពង្រឹងកិច្ចទំនាក់ទំនងល្អរវាងកីឡាករ និងកីឡាករ ក៏ដូចជារវាងបុគ្គលិកមន្ត្រីរាជការគ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តទៀតថា ការប្រកួតពានរង្វាន់នេះ គឺជាការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។ ជាពិសេសនោះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ឲ្យមានសក្ដានុពល ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច ក៏បានយកចិត្តទុកដាក់ខ្ពស់ ដោយបានកំណត់ឱ្យអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទទួលបន្ទុកទ្រទ្រង់គាំទ្រ និងផ្គត់ផ្គង់ទាំងផ្នែកបច្ចេកទេសជំនាញ និងថវិកា ដល់ក្រុមកីឡាមួយប្រភេទ ឬលើសពីនេះ ទៅតាមការស្ម័គ្រចិត្តរបស់អង្គភាពនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈសម្បត្តិ ឱ្យបានរួចជាស្រេចប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ។
ដោយឡែក ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការគ្រងពានឆ្នាំនេះ គឺកើតចេញពីសមត្ថភាពពិតៗ និងសហការគ្នាបានយ៉ាងល្អ របស់ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ ឯកឧត្តម ក៏បានប្តេជ្ញាការពារតំណែងជើងឯកនេះ ឲ្យបាននៅឆ្នាំក្រោយៗទៀត ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រៅពីកីឡាបាល់ទាត់ អគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ ក៏បានគាំទ្រ និងឧបតម្ភវិស័យកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរប្រចាំក្រសួង តាមអនុសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះដណ្តើមបានមេដាយមាស ៥គ្រឿងពីការប្រកួតថ្នាក់ជាតិ។
សូមបញ្ជក់ថា ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ១៦លានរៀល លេខ២ ក្រុមអគ្គនាយកដ្ឋានពន្ធដារ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១២លានរៀល លេខ៣ ក្រុមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៨លានរៀល និងលេខ៤ ក្រុមរតនាគារជាតិ ទទួលបានប្រាក់រង្វាន់៤លានរៀល៕ធ.ដ