រដ្ឋកាលីហ្វ័រញ៉ា គ្រោងប្តឹងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងគោលនយោបាយ ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស

សហរដ្ឋអាម៉េរិក៖ រដ្ឋកាលីហ្វ័រញ៉ានឹងប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទាក់ទិននឹងគោលនយោបាយរបស់ខ្លួន ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែលវគ្គសិក្សារបស់ពួកគេបានប្តូរមករៀនតាមអនឡាញ ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

បណ្តឹងដែលនឹងប្តឹងដោយលោកអគ្គរដ្ឋអាជ្ញា សាវីយើ បេសេរ៉ា បានមានកើតឡើងស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យគ្រឹះស្ថានអប់រំរបស់សហរដ្ឋអាម៉េរិកបើកដំណើរការឡើងវិញ សូម្បីជំងឺរាតត្បាត COVID-19 នៅតែបន្តកើនឡើង ជាពិសេសនៅភាគខាងត្បូង និងខាងលិចប្រទេស ។

សេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការប្តឹងនោះ បានឱ្យដឹងថា គោលនយោបាយមិនស្របច្បាប់របស់រដ្ឋបាលលោក ត្រាំ បានធ្វើឱ្យមានការរីករាលដាល COVID-19 និង និរទេសនិស្សិតមហាវិទ្យាល័យរាប់សែននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក ។

សូមរំលឹកថា កាលពីថ្ងៃចន្ទនេះ ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយអាម៉េរិក ICE បានបញ្ជាក់ថា និស្សិតបរទេសដែលចុះឈ្មោះចូលរៀនតាមអនឡាញទាំងស្រុង សម្រាប់ឆមាសទី ១ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនោះឡើយ ។ វិធានការនេះ ត្រូវបានគេមើលឃើញថា ជាវិធានការរបស់សេតវិមានក្នុងការដាក់សម្ពាធលើស្ថាប័នអប់រំ ដែលកំពុងប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្ន ក្នុងការបើកដំណើរការឡើងវិញ ក្នុងពេលកំពុងមានការរាតត្បាតនៃជម្ងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner